តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Sheridan Voysey

អាហារទន់ត្រូវមកមុន

នៅ​សតវត្សរ៍​ទី​៧ ចក្រ​ភព​អង់​គ្លេស ជា​ទឹក​ដី ដែល​មាន​នគរ​ជា​ច្រើន ដែល​មាន​សង្រ្គាម​ជា​មួយ​គ្នា​ជា​ញឹកញាប់។ ពេល​ដែល​ស្តេច​មួយ​អង្គ ព្រះ​នាម អូស្វ៊ល នៃ​នគរ​នតសាំព្រា(Oswald of Northumbria) ក្លាយ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ គាត់​ក៏​បាន​អំពាវ​នាវ ឲ្យ​មាន​បេសកជន​ម្នាក់ នាំ​ដំណឹង​ល្អ ចូល​តំបន់​របស់​ទ្រង់។​ គេក៏​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​ ឃរមែន(Corman) ឲ្យ​ទៅផ្សាយ​ដំណឹង​ល្អ​នៅ​ទីនោះ ​តែ​អ្វី​ៗ​មិន​មាន​ដំណើរ​ការ​ល្អ។ គាត់​ឃើញ​ជន​ជាតិ​អង់​គ្លេស​មាន​ចិត្ត “រឹង​ចចេស” មាន​អត្ត​ចរិត ដូចមនុស្ស​ព្រៃ ហើយ​មិន​ចាប់​អារម្មណ៍ ចំពោះ​ការ​បង្រៀន​របស់​គាត់​ ដូច​នេះ គាត់​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ចិត្ត​នឿយ​ណាយ។

អ្នក​បម្រើ​ព្រះ​ម្នាក់​ទៀត​ឈ្មោះ​ អេដិន(Aidan) ក៏​បាន​ប្រាប់ទៅ​លោក​ឃរមិន​ថា ការបង្រៀនរបស់គាត់ លើស​ពី​កំរិត ដែល​អ្នក​ស្តាប់​របស់​គាត់​អាច​យល់​បាន។ គាត់​មិន​បាន​ផ្តល់​ឲ្យ​ប្រជាជន​នៅ​នគរ​នត​សាំព្រា នូវ “គោល​លទ្ធិ​ងាយ​ៗ ដែលប្រៀប​ដូច​ជា​ទឹក​ដោះ​ខាង​វិញ្ញាណ”នោះ​ទេ តែ​គាត់​បាន​ផ្តល់​ឲ្យ​ពួក​គេ នូវ​ការ​បង្រៀន ដែល​ពួក​គេ​មិន​ទាន់​អាច​យល់​ដល់។ លោក​អេដិន​ក៏​បាន​ទៅ​នគរ​នត​សំាព្រា ហើយ​ក៏​បាន​បង្រៀន​ប្រជាជន​នៅ​ទីនោះ តាម​កំរិត​នៃ​ការ​យល់​ដឹង​របស់​គេ។ មនុស្សរាប់​ពាន់​នាក់​ក៏​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ។

ត្រង់​ចំណុច​នេះ លោក​អេដិន ធ្វើ​បេសក​កម្ម ដោយ​យល់​ស្ថាន​ភាព ដោយ​ផ្អែក​ទៅ​លើ​ព្រះ​គម្ពីរ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បានប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា “ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ”(១កូរិនថូស ៣:២)។ បទ​គម្ពីរ​ហេព្រើរ បានចែងថា…

មនុស្សដែលពិបាក

លូស៊ី វ័រស្ល៊ី(Lucy Worsley) ជា​ប្រវត្តិ​វិទូ​អង់​គ្លេស និង​ជា​ពិធីករ​ប៉ុស្ត​ទូរទស្សន៍។ ជួន​កាល គាត់​បាន​ទទួល​សារ​រិះ​គន់​ធ្ងន់​ៗមក​លើ​គាត់ គឺ​មិន​ខុស​ពី​បុគ្គល​សាធារណៈ​ដទៃ​ទៀត​ឡើយ។ គាត់​មាន​បញ្ហា នៅ​ក្នុង​ការ​បញ្ចេញ​សម្លេង​បន្តិច​បន្តួច ដោយពេល​ខ្លះ គាត់​បញ្ចេញ​សម្លេង​អក្សរ “រ” ដូច​សម្លេង​អក្សរ​ “វ”។ មាន​មនុស្ស​ម្នាក់​បាន​ផ្ញើ​សារ​មក​គាត់​ថា “លូស៊ី ខ្ញុំ​មិន​ចង់​គួរ​សមច្រើន​ទេ តែ​គ្រាន់​តែ​ចង់​ប្រាប់​អ្នក ឲ្យ​ព្យាយាម​និយាយ ដោយ​បញ្ចេញ​សម្លេង​អក្សរ “រ” ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​អាច​អង្គុយ​មើល​កម្ម​វិធី​ទូរទស្សន៍​របស់​អ្នក​បាន​ទេ។ វា​ពិត​ជា​រំខាន​ណាស់។ ពី​ខ្ញុំ​ ឌែរិន(Darren)”។

សម្រាប់​អ្នក​ខ្លះ ការ​ប្រើ​ពាក្យ​សម្តី​គំរោះ​គំរើយ ដោយ​មិន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ ដូច​នេះ អាច​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដោយគំរោះ​គំរើយ​ដូច​គ្នា។ ប៉ុន្តែ លូស៊ី​បាន​ឆ្លើយ​តប​យ៉ាង​ដូច​នេះ​វិញ​ថា “អូហ៍ លោក​ឌែរិន  ​ខ្ញុំ​គិត​ថា លោក​បាន​ប្រើ​ភាព​អនាមិក ​តាម​បណ្តាញ​អ៊ីនធើណិត ដើម្បី​និយាយ​អ្វី ដែល​លោក​ប្រហែល​មិន​ហ៊ាន​និយាយ នៅ​ចំពោះ​មុខ​ខ្ញុំ​ផ្ទាល់។ សូម​លោក​ពិចារណា អំ​ពី​ពាក្យ​សម្តី​ដែល​លោក​បាន​និយាយ! ពី​ខ្ញុំ​លូស៊ី”។​

ការ​ឆ្លើយ​តប របស់​អ្នក​ស្រី​លូស៊ី ដោយ​ការ​ត្រិះ​រិះ​ពិចារ​ណា ក៏​បាន​ទទួល​លទ្ធ​ផល​ល្អ។ លោក​ឌែរិន​ក៏​បាន​សុំ​ទោស​នាង​ ហើយបាន​សន្យា​ថា នឹង​មិន​ផ្ញើ​សារ​ប្រភេទ​នេះ ទៅ​កាន់​អ្នក​ដទៃ​ទៀត​ឡើយ។

បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ”(១៥:១)។ មនុស្ស​គំរោះ​គំរើយ រមែង​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់ទែង​គ្នា…

តន្រ្តីចេញពីតំបន់អនាធិបតេយ្យ

ខាតូរ៉ា ជា​តំបន់​អណាធិប​តេយ្យ​តូច​មួយ នៅ​ប្រទេស​ប៉ារ៉ាហ្កាយ ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង។ អ្នក​ភូមិ​នៅ​ទី​នោះ​មាន​ជីវភាព​ក្រីក្រ​តោក​យ៉ាក​ណាស់ ដោយ​ពួក​គេ​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ដើរ​រើស​អេត​ចាយ នៅ​កន្លែង​ចាក់​សំរាម។ ប៉ុន្តែ មាន​វង់​តន្រ្តី​មួយ បាន​កើត​ចេញ​មក ចេញ​ពី​ស្ថាន​ភាព​ដ៏​ពិបាក​នេះ គឺ​ជា​រឿង​ដ៏​ប្រសើរ​ណាស់។​

វីយូឡុង​ថ្មី​មួយ​គ្រឿង​មាន​តម្លៃ​ថ្លៃ​ជាងខ្ទម​មួយ​ខ្នង នៅ​ក្នុង​តំបន់​អនាធិប​តេយ្យ​នេះ ដូច​នេះ វង់​តន្រ្តី​នេះ​ក៏​បាន​កើត​មាន​ភាព​ប៉ិនប្រសប់ ដោយ​ច្នៃ​បង្កើត​ឧបករណ៍​តន្រ្តី ដោយ​ខ្លួន​ឯង ចេញ​ពី​អេត​ចាយ។ ពួក​គេ​បាន​ច្នែ​បង្កើត​វីយូឡុង ពី​ធុង​ប្រេង​ឆា និង​សម​ ដែល​ពួក​គេ​បាន​កាត់ និង​បត់ ដើម្បី​ចង​ភ្ជាប់​នឹង​ខ្សែ​វីយូឡុង។ ពួក​គេ​ក៏​បាន​ច្នៃ​បង្កើត​ឧបករណ៍​ផ្លុំ​សាក់​សូហ្វូន ពី​ទុយោ​ទឹក ដោយ​ប្រើ​គំរប​ដប ធ្វើ​ជា​រន្ធ​ចុច។ ពួក​គេ​ក៏​បាន​ផលិត​វីយូឡុង​ធំ សេឡូ ពី​ធុង​ស័ង្កសី ដោយ​ប្រើ​ប្រអប់​កិន​នំ ធ្វើ​ជា​ឧបករណ៍​រឹត​ខ្សែ​។​ ទស្សនិកជន​មាន​អារម្មណ៍​រីក​រាយ​ណាស់ ពេល​ដែល​បាន​ស្តាប់​ពួក​គេ​ប្រគុំ​បទ​ភ្លេង​របស់​លោក​ម៉ូហ្សាត ដោយ​ប្រើ​ឧបករណ៍​កែ​ច្នៃ​ទាំង​នេះ។ វង់​ភ្លេង​មួយ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន ដើម្បី​ប្រគុំ​តន្រ្តី ដោយ​បាន​លើក​ស្ទួយ​ជីវិត​យុវជន​ក្នុង​ក្រុម​តន្រ្តី​នេះ ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង។

វីយូឡុង​ចេញ​ពី​កន្លែង​ចាក់​សម្រាម។ តន្រ្តី​ចេញ​ពី​តំបន់​អនា​ធិប​តេយ្យ។ នោះ​ជា​និមិត្ត​រូប នៃ​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​ទ្រង់​តែង​ធ្វើ ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន។ ពេល​ដែល​ហោរា​អេសាយ បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ អំពី​ស្នាព្រះ​ហស្ត​ថ្មី​របស់​ព្រះអង្គ គាត់​ក៏​បាន​មើល​ឃើញ​ការ​ផ្លាស់​ប្តូរ​ស្រដៀង​គ្នា នៃ​ភាព​ស្រស់​ស្អាត ដែល​បាន​កើត​ចេញ​ពី​ភាព​ទុរគត ដែល​មាន​ដូច​ជា​ ដី​ដែលក្រៀម​ក្រោះ​គ្មាន​ជីវ​ជាតិ ប្រែ​ក្លាយ​ជា​កន្លែង​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​(អេសាយ ៣៥:១-២) វាល​រហោ​សា្ថន​ប្រែ​ជា​មាន​ផ្លូវ​ទឹក ហូរ​កាត់(ខ.៦-៧)…

ប្រឈមមុខដាក់ការភ័យខ្លាច

លោក​វររិន(Warren) បាន​ផ្លាស់​ទីលំ​នៅ ទៅ​ទីក្រុង​តូច​មួយ ដើម្បី​ដឹក​នំា​ព្រះ​វិហារ​មួយ​កន្លែង។ បន្ទាប់​ពី​ការងារ​របស់​គាត់ បាន​ជោគ​ជ័យ​ខ្លះ​ៗ​ពី​ដំបូង គាត់​ក៏​បាន​ទទួល​រង​ការ​បៀត​បៀន ពី​មនុស្ស​ម្នាក់ ដែល​រស់​នៅ​ទីនោះ។ អ្នក​នោះ​បាន​ប្រឌិត​រឿង ដើម្បី​ចោទ​ប្រកាន់​លោក​វររិន​ថា បាន​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក ហើយ​ក៏​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វ​ផ្សាយ ក្នុង​ការសែត​ប្រចាំ​តំបន់ ហើយ​ថែម​ទាំ​ងបោះ​ពុម្ភ​ផ្សាយ​ខិត​ប័ណ្ណ ស្តី​អំពី​ការ​ចោទ​ប្រកាន់​របស់​ខ្លួន ហើយ​ផ្ញើ​ខិត​ប័ណ្ណ​ទាំង​នោះ​ទៅ​កាន់​ប្រអប់​សំបុត្រ​របស់​ពល​រដ្ឋ​ក្នុង​តំបន់​នោះ។ លោក​វររិន និង​ភរិយា​របស់​គាត់​ក៏​បាន​ចាប់​ផ្តើម​អធិស្ឋាន​អស់​ពី​ចិត្ត។ បើ​គេ​ជឿ​ការ​ភូតកុហក​របស់​បុរស​នោះ ជីវិត​របស់​ពួក​គេ​នឹង​ត្រូវ​ក្រឡាប់​ចក្រ​មិន​ខាន។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ជួប​ប្រទះ​រឿង​ស្រដៀង​នេះ​ផង​ដែរ។ ទ្រង់​បាន​ទទួល​រង​ការ​មួល​បង្កាច់​របស់​ពួក​ខ្មាំង​សត្រូវ។ ទ្រង់​មានបន្ទូល​ថា “គេ​មួលបង្កាច់​ពាក្យ​ទូលបង្គំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូលបង្គំ”(ទំនុកដំកើង ៥៦:៥)។ ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​នេះ បាន​នាំ​ឲ្យ​ទ្រង់​មាន​ការ​ភ័យ​ខ្លាច និង​ទឹក​ភ្នែក​(ខ.៨)។ ប៉ុន្តែ ក្នុង​ពេលសង្រ្គាម​នោះ ទ្រង់​ក៏​បាន​អធិស្ឋាន​ថា “តែ​វេលា​ណា​ដែល​ទូលបង្គំ​ភ័យ នោះ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់ទ្រង់​… តើ​សាច់​ឈាម​នឹង​អាចធ្វើ​អ្វី​ដល់​ទូលបង្គំ​បាន?”(ខ.៣-៤)។

ការ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ អាច​ធ្វើ​ជា​គំរូ​សម្រាប់​យើង ក្នុង​ពេល​សព្វ​ថ្ងៃ​ផង​ដែរ។ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច ក្នុងពេល​ដែល​មាន​ការ​គំរាម​កំហែង ឬ​ការ​ចោទ​ប្រកាន់ នោះ​យើង​អាច​ងាក​ទៅ​រក​ព្រះ។​ ចូរ​យើង​ទុក​ចិត្ត​ព្រះ ដោយ​ថ្វាយ​សង្រ្គាមរបស់​យើង ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​មក​លើ​យើង​បាន? ចូរ​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​របស់​យើង ជា​មួយ​ព្រះ​អង្គ ដោយ​នឹក​ចាំ​ថា អំណាច​ដែល​ទាស់​ប្រឆាំង​យើង មិន​អាច​ប្រៀប​ផ្ទឹម​នឹង​អំណាច​ព្រះ​អង្គ​ឡើយ។

បន្ទាប់​ពី​លោក​វររិន និង​ភរិយា​គាត់​បាន​អធិស្ឋាន​អស់​ពី​ចិត្ត កាសែត​ក្នុង​តំបន់​មិន​បាន​យក​រឿង​នោះ​មក​ចុះ​ផ្សាយ​ទេ ហើយ​ខិតប័ណ្ណ​ទាំង​នោះ​ក៏​មិន​ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ពល​រដ្ឋ​ក្នុង​តំបន់​នោះ​ដែរ។ តើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សង្រ្គាម​អ្វី នៅ​ថ្ងៃ​នេះ? ចូរនិយាយ​ទៅ​កាន់​ព្រះ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹងជម្នះការ​ភ័យ​ខ្លាច​នោះ…

ធ្វើការហួសកម្លាំង

នៅ​ក្បែរ​ផ្ទះ​ខ្ញុំ មាន​ហាង​លក់​គ្រឿង​បរិក្ខា​ក្នុង​ផ្ទះ​មួយ ដែល​មាន​ប៊ូតុង​ពណ៌​បៃ​តង​ធំ​មួយ សម្រាប់​ឲ្យ​ភ្ញៀវ​មក​ទិញ​ឥវ៉ាន់​ចុច​ ពេលដែល​គេ​មិន​ឃើញ​អ្នក​លក់។ បន្ទាប់​ពី​អ្នក​ចុច​បាន​១​នាទី​ហើយ នៅ​មិន​ឃើញ​មាន​នរណា​ម្នាក់​មក​សួរ​នាំ នោះ​អ្នក​នឹង​ទទួលការ​បញ្ចុះ​តម្លៃ សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ទីនោះ។

យើង​ចង់​ធ្វើ​ជា​អតិថិជន ដែល​បាន​ទទួល​សេវ៉ា​កម្ម​ឆាប់​រហ័ស ប៉ុន្តែ តម្រូវ​ការ​នូវ​សេវ៉ាកម្ម​ឆាប់​រហ័ស ច្រើន​តែ​នាំ​ឲ្យ​មាន​ការលំបាក​ខ្លាំង ដល់​អ្នក​ផ្តល់​សេវ៉ា​កម្ម​។​ ដូច​នេះ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មាន​ការ​ប្រញាប់​ប្រញាល់ នៅ​ក្នុង​ការ​ធ្វើ​ការងារ ការធ្វើ​ការ​បន្ថែម​ម៉ោង និង​ការ​បើក​មើល​អ៊ីមែល​ជា​ច្រើន​ដង ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​ទទួល​រង​សម្ពាធ​ឲ្យ​ធ្វើ​ការ​ឲ្យ​ទាន់​កាល​វិភាគ។ យុទ្ធ​សាស្រ្ត​សេវ៉ា​កម្ម​ទាន់​ចិត្ត​របស់​ហាង​ទំនិញ​នោះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​វប្ប​ធម៌​នៃ​ភាព​ប្រញាប់​ប្រញាល់​ ដែល​បាន​ជ្រាប​ចូល​ក្នុង​ជីវិត​យើង។

ពេល​ដែល​ព្រះ​ទ្រង់​ប្រាប់​រាស្រ្ត​អ៊ីស្រាអែល​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក ទ្រង់​បាន​ប្រាប់​ពួក​គេ​ឲ្យ​នឹក​ចាំ អំពី​ពេល​ដែល​ពួក​គេ​ជាប់ជា​ទាសករ ក្នុង​ទឹក​ដី​អេស៊ីព្ទ(ចោទិយថា ៥:១៥)។​ កាល​នោះ គេ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក តាម​ការកំណត់​ពេល​ច្រើន​ជ្រុល​របស់​ស្តេច​ផារ៉ោន​(និក្ខមនំ ៥:៦-៩)។ បន្ទាប់​ពី​ពួក​គេ​មាន​សេរីភាព​ហើយ នោះ​ពួក​គេ​ត្រូវ​ឲ្យ​ខ្លួន​ពួក​គេ និង​អ្នក​បម្រើ​របស់​ពួក​គេ​មាន​ពេល​សម្រាក មួយ​ថ្ងៃ​ពេញ ក្នុង​សប្តាហ៍​នីមួយ​ៗ​(ចោទិយកថា ៥:១៤)។ នៅ​ក្រោម​ការ​គ្រប់​គ្រងរបស់​ព្រះ គ្មាន​នរណា​ដែល​ត្រូវ​ធ្វើ​ការ​បាក់​កម្លាំង ដោយ​គ្មាន​ពេល​ឈប់​សម្រាក​ទៀត​ឡើយ។

តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​អ្នក​ធ្វើ​ការ​ទាល់​តែ​បាក់​កម្លាំង ឬ​ខ្វះ​ការ​អត់​ធ្មត់ ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រង់​ចាំ? ចូរ​យើង​ឲ្យខ្លួន​ឯង និង​អ្នក​ដទៃ​មាន​ពេល​សម្រាក។ វប្បធម៌​នៃ​ការ​ប្រញាប់​ប្រញាល់​ដោយ​គ្មាន​ការ​សម្រាក គឺ​ជា​វប្ប​ធម៌​របស់​ស្តេច​ផារ៉ោន គឺ​មិន​មែន​ជា​វប្បធម៌​របស់​ព្រះ​នោះ​ទេ។—Sheridan Voysey

ពេលអនាគតដែលមិនដឹងថា នឹងមានអ្វីកើតឡើង

ពេល​ដែល​ឆ្នំា​ថ្មី​ចូល​មក​ដល់ គេ​ក៏​បាន​ទម្លាក់​បាល់​តូច​ៗ នៅ​ទី​លាន​ញូយ៉ក ថែម។ ហ្វូង​មនុស្ស​បាន​រាប់​ថយ​ក្រោយ ស្វាគមន៍ឆ្នាំ​ថ្មី ជា​មួយ​នាឡិការ​ប៊ីក ប៊ែន នៅ​ទីក្រុង​ឡុង។ គេ​ក៏​បាន​បាញ់​កាំជ្រួច​អបអរ​ឆ្នំា​ថ្មី នៅ​កំពង់​ផែ​ស៊ីដនី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទីក្រុង​របស់​អ្នក​ក៏​ប្រហែល​ជា​មាន​ពិធី​ទទួល​ឆ្នាំ​ថ្មី​ផង​ដែរ ព្រោះ​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី និង​ការ​ចាប់​ផ្តើម​ជា​ថ្មី បាន​នាំ​មក​នូវ​ភាព​រំភើប​រីក​រាយ។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី យើង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពេល​អនាគត​ដែល​យើង​មិន​ដឹង​ថា នឹង​ជួប​រឿង​អ្វីខ្លះ។ តើ​មាន​មិត្ត​ភាព និង​ឱកាស​អ្វី​ខ្លះ ដែល​យើង​អាច​រក​ឃើញ?

ឆ្នាំ​ថ្មី​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ តែ​ក៏​បាន​នាំ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ។ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​អនាគត​ ឬដឹង​ថា ខ្លួន​នឹង​ជួប​ខ្យល់​ព្យុះ​អ្វី​ខ្លះ​ទេ។ បើ​យើង​សិក្សា​អំពី​ប្រវត្តិ​នៃ​ឆ្នាំ​ថ្មី យើង​នឹង​បាន​ដឹង​ថា កាំ​ជ្រួច​ត្រូវ​បាន​គេ​ច្នៃ​បង្កើត នៅប្រទេស​ចិន ក្នុង​គោល​បំណង​ដើម្បី​បណ្តេញ​វិញ្ញាណ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​ឆ្នាំ​ថ្មី​មាន​ភាព​សម្បូរ​សប្បាយ។ ហើយ​ជន​ជាតិ​បាប៊ីឡូន​ធ្លាប់​មាន​ប្រពៃណី​នៃ​ការ​ប្តេជ្ញា​ចិត្ត សម្រាប់​ឆ្នាំ​ថ្មី ដោយ​ធ្វើ​ការ​ស្បថ​សច្ចា ដើម្បី​ផ្គាប់​ចិត្ត​ព្រះ​របស់​ពួក​គេ។ សកម្ម​ភាព​ទាំងអស់​នេះ ត្រូវ​បាន​ធ្វើ​ឡើង សុទ្ធ​តែ​ដើម្បី​ជួយ​ខ្លួន​ឯង ឲ្យ​មាន​ទំនុក​ចិត្ត ក្នុង​ពេល​អនាគត។

ប៉ុន្តែ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្បថ​សច្ចា​ហើយ ពួក​បាប៊ីឡូន​ក៏​បាន​ធ្វើ​សង្រ្គាម​យ៉ាង​មមា​ញឹក ដើម្បី​គ្រប់​គ្រង​ទឹក​ដី​ជិត​ខាង​ ដែលរាប់​បញ្ចូល​ទាំង​អ៊ីស្រាអែល​ផង​ដែរ។ នៅ​ពេល​ខ្លះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​ជន​ជាតិ​យូដា​ដែល​ជា​ទាសករ​ថា កុំ​ឲ្យ​ភ័យខ្លាច​អ្វី​ឡើយ ... ពេល​ណា​ពួក​គេ​ឆ្លង​ទឹក នោះ​ព្រះ​អង្គ​ក៏នៅ​ក្បែរ​ពួក​គេ​(អេសាយ ៤៣:១-២)។ ក្រោយ​មក ព្រះ​យេស៊ូវ​មានបន្ទូល​ស្រដៀង​នេះ ពេល​ដែល​ទ្រង់ និង​ពួក​សិស្ស​កំពុង​តែ​ជិះ​ទូក​កាត់​ខ្យល់​ព្យុះ​ដ៏​​កាច​សាហាវ។ មុន​ពេល​ព្រះ​អង្គ​បង្គាប់​ខ្យល់ព្យុះ​ឲ្យ​ស្ងប់ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា…

ជោគជ័យពិតប្រាកដ

មាន​ពេល​មួយ​ខ្ញុំ​បាន​សំភាស​ភ្ញៀវ​ដែល​មាន​ឈ្មោះ​ល្បី​ម្នាក់​។ គាត់​បាន​ឆ្លើយ​សំណួរ​ខ្ញុំ ដោយ​ការ​គួរ​សម។ តែ​ខ្ញុំ​មាន​អារម្មណ៍ថា មាន​អ្វី​មួយ​កំពុង​លាក់​ខ្លួន នៅ​ចន្លោះ​ការ​សន្ទនា​របស់​យើង។ វា​ក៏​បាន​បង្ហាញ​ខ្លួន​ ពេល​ដែល​គាត់​និយាយ​បន្ថែម​ពី​ពាក្យរបស់​ខ្ញុំ។

ខ្ញុំ​សរសើរ​គាត់​ថា គាត់​បាន​ជំរុញ​ចិត្ត​មនុស្ស​រាប់​ពាន់​នាក់។ គាត់​ក៏​បាន​រអ៊ូ​ថា “មិន​មែន​រាប់​ពាន់​នាក់​ទេ គឺ​រាប់​លាន​នាក់”។

គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​ខ្ញុំ​គិត​មិន​ដល់។ ភ្ញៀវ​របស់​ខ្ញុំ​បាន​រំឭក​ខ្ញុំ អំពី​ស្នាដៃ​របស់​គាត់ មុខ​តំណែង​ដែល​គាត់​មាន សមិទ្ធិ​ផល​ដែល​គាត់​ទទួល​បាន ព្រម​ទាំង​ទស្សនាវដ្ដី​ដែល​គាត់​បាន​មើល។ ពេល​នោះ​ ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ឆ្គាំ​ឆ្គង។​

ចាប់​តាំង​ពី​ខ្ញុំ​បាន​ជួប​រឿង​នេះ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ដល់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​(និក្ខមនំ ៣៤:៥-៧)។ ព្រះ​អង្គ​ជា​អ្នក​បង្កើត​ចក្រ​វាល និង​ជា​អ្នក​ជំនុំ​ជម្រះ​មនុស្ស​ជាតិ តែ​ព្រះ​អង្គ​មិន​បាន​ប្រើ​មុខ​តំណែងរបស់​ព្រះ​អង្គ នៅ​ចំពោះ​មុខ​លោក​ម៉ូសេ​នោះ​ទេ។ ព្រះ​អង្គ​ជា​អ្នក​បង្កើត​កាឡាក់​ស៊ី​ជាង​១០០​ពាន់​លាន​ក្នុង​ចក្រ​វាល តែ​ព្រះ​អង្គ​ក៏​មិន​បាន​យក​រឿង​នេះ​មក​ប្រាប់​លោក​ម៉ូសេ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ណែនាំ​គាត់​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ជា “ព្រះ​ដែលមាន​ព្រះហឫ​ទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ” (និក្ខមនំ ៣៤:៦)។ ពេល​ដែល​ព្រះ​អង្គ​បង្ហាញ​ថា ព្រះ​អង្គ​ជា​នរណា នោះ​ព្រះ​អង្គ​មិន​បាន​រៀប​រាប់​អំពី​មុខ​តំណែង ឬស្នា​ដៃ​នោះ​ទេ តែ​ព្រះ​អង្គ​បង្ហាញ​ចរិក​លក្ខណៈ​របស់​ព្រះ​អង្គ។

រឿង​នេះ​ពិត​ជា​មាន​ន័យ​ជ្រាល​ជ្រៅ​ចំពោះ​យើង ​ជា​មនុស្ស​ដែល​ព្រះទ្រង់​បាន​បង្កើត ឲ្យ​ដូច​រូប​អង្គ​ទ្រង់ ហើយ​បាន​ត្រាស់​ហៅឲ្យ​យក​គំរូ​តាម​ព្រះ​អង្គ​(លោកុប្បត្តិ ១:២៧ និង​ អេភេសូរ ៥:១-២)។ ការ​មាន​ស្នា​ដៃ និង​មុខ​តំណែង​គឺ​ជា​រឿង​ល្អ…

ភាពស្ញប់ស្ញែង ក្នុងរដូវកាលនៃបុណ្យណូអែល

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទីក្រុង​ឡុង ដើម្បី​ចូល​រួម​ការ​ប្រជុំ​មួយ។ កាល​នោះ ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ខ្ញុំ​ក៏​មាន​ភាព​យឺត​យ៉ាវ។​ ខ្ញុំ​ក៏​បាន​រត់​ពី​ថ្នល់​មួយ​ទៅ​ថ្នល់​មួយ​ទៀត ហើយ​ក៏​បាន​បត់​នៅ​ជ្រុង​ផ្លូវ​ រួច​ក៏​ឈប់​នៅ​ត្រឹង​មួយ​កន្លែង។ ខ្ញុំ​ក៏​បាន​ឃើញ​រូប​ទេវតា​រាប់​សិប​អង្គ ហោះ​សំកាំង​ពី​លើ​ផ្លូវ Regent ដោយ​មាន​ស្លាប​ធំ​ៗ​លាត​សន្ធឹង ពី​លើ​ផ្លូវ​ដែល​កំពុង​តែ​មាន​ចរាចរណ៍​ទៅ​មក​។ គេ​បាន​ធ្វើ​រូប​ទេវតា​ទាំង​នោះ​ពី​អំពូល​ភ្លើង​ស្តុប​ផ្លិប​ភ្លែត​ៗ។ នេះ​ជា​ការ​តាំង​លម្អ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​ពិធី​បុណ្យ​ណូអែល ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ។ មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​មាន​ការ​ជាប់​ចិត្ត​នឹង​ផ្ទាំង​ទស្សនីយ​ភាព​នេះ។ ពេល​នោះ មនុស្ស​រាប់​រយ​នាក់​ក៏​បាន​ឈរ​ជា​ជួរ​នៅ​លើ​ចិញ្ចើម​ថ្នល់ គយ​គន់​ដោយ​ចិត្ត​ស្ងប់​ស្ងែង​ផង​ដែរ។​

ភាព​ស្ញប់​ស្ញែង គឺ​ជា​ចំណុច​កណ្តាល​នៃ​រឿង​បុណ្យ​ណូអែល។ ពេល​ដែល​ទេវតា​លេច​មក​ឲ្យ​នាង​ម៉ារា​ឃើញ ហើយ​ពន្យល់​ថា នាង​នឹង​មាន​ផ្ទៃ​ពោះ​ដោយ​ការ​អស្ចារ្យ(លូកា ១:២៦-៣៨) ហើយ​បាន​លេច​មក​ឲ្យ​ពួក​អ្នក​គង្វាល​ចៀម​ឃើញ ដើម្បី​ប្រកាស់អំពី​ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ​(២:៨-២០) ពួក​គេ​ម្នាក់​ៗ​បាន​ឆ្លើយ​តប ដោយ​ការ​ភ័យ​ខ្លាច ការ​ភ្ញាក់​ផ្អើល និង​ស្ញប់​ស្ញែង​។ ពេល​ដែល​ខ្ញុំ​មើល​ទៅ​ហ្វូង​មនុស្ស​នៅ​តាម​ដង​ផ្លូវ  Regent ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា បើ​សិន​យើង​ជា​អ្នក​គង្វាល​ដែល​បាន​ឃើញ​ទេវតា​ពិត​វិញ តើ​យើង​នឹង​មាន​ការ​ស្ញប់​ស្ញែង​ប៉ុណ្ណា?

មួយ​សន្ទុះ​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​រឿង​មួយ​ទៀត។ រូប​ទេវតា​ខ្លះ​មាន​ដៃ​លើក​ឡើង​ទៅ​លើ គឺ​ហាក់​ដូច​ជា​កំពុងតែ​មើល​ទៅ​លើ ទៅ​រក​អ្វី​មួយ​អញ្ចឹង។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ក្រុម​ចម្រៀង​ទេវតា ដែល​បាន​ច្រៀង​សរសើរ​ដល់​ព្រះ​យេស៊ូវ​(ខ.១៣-១៤) ដែល​ពួក​គេ​ក៏​មាន​ការ​ស្ញប់​ស្ញែង​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​ឃើញ​ព្រះ​អង្គ។​

“ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់”(ហេព្រើរ ១:៣)។ ព្រះ​យេស៊ូវ​ជា​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ដែល​ទេវតា​ទាំង​អស់​ផ្តោត​ទៅ​លើ​(ខ.៦)។ បើ​ប្រជាជន​នៅ​ទីក្រុង​ឡុង​ដ៏​មមា​ញឹក បាន​ផ្អាក​ដំណើរ​របស់​ខ្លួន ដើម្បី​មើល​ការ​តាំង​លម្អ​ដ៏ស្រស់​ស្អាត សម្រាប់​ពិធី​បុណ្យ​ណូអែល​ទៅ​ហើយ នោះ​សូម​យើង​ស្រមៃ​មើល​ថា​…

ការប្រឈមមុខដាក់សង្រ្គាម

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​ជុំ​ជា​មួយ​មិត្ត​ភក្តិ​មួយ​ក្រុម។ ខណៈ​ពេល​ដែល​ខ្ញុំ​ស្តាប់​ពួក​គេ​សន្ទនា​គ្នា​​ ខ្ញុំ​ក៏​បាន​ដឹង​ថា ​ពួក​គេ​ម្នាក់​ៗ នៅ​ក្នុង​បន្ទប់​នោះ ហាក់​ដូច​ជា​កំពុង​តែ​ប្រឈម​មុខ​ដាក់​សង្រ្គាម​ ។ ក្នុង​ចំណោម​គ្នា​យើង​ មាន​ពីរ​នាក់​មាន​ឪពុក​ម្តាយ​កំពុង​តយុទ្ធ​នឹង​ជម្ងឺ​មហារីក ម្នាក់​ទៀត​មាន​កូន​ដែល​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ធ្វើ​ឲ្យ​ពិបាក​បរិភោគ​អាហារ ​ហើយ​មិត្ត​ភក្តិ​យើង​ម្នាក់​ទៀត​កំពុងតែ​មាន​ការ​ឈឺ​ចាប់​ក្នុង​រូប​កាយ​ដ៏​រាំរ៉ៃ  ខណៈ​ពេល​ដែល​គ្នា​យើង​ម្នាក់​ទៀត​កំពុង​តែ​ប្រឈម​មុខ​ដាក់​ការ​វះកាត់​ដ៏​សំខាន់​មួយ​។ រឿង​ទាំង​អស់​នេះ​ហាក់​ដូច​ជា​ច្រើន​ណាស់ សម្រាប់​យើង​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ ៣០ និង​៤០ឆ្នាំ។​

បទ​គម្ពីរ​របាក្សត្រ ជំពូក​១៦ បាន​រំឭក​យើង​អំពី​ពេល​ដ៏​សំខាន់​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល គឺ​នៅ​ពេល​ដែល​ហិប​សញ្ញា ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ក្នុង​ទីក្រុង​នៃ​ស្តេច​ដាវីឌ​(ទីក្រុង​យេរូសាឡិម)។ លោក​សាំយ៉ូអែល​បាន​ប្រាប់​យើង​ថា រឿង​នេះ​បាន​កើតឡើង ក្នុង​សម័យ​ដែល​មាន​សន្តិ​ភាព នៅ​ចន្លោះ​សម័យ​សង្រ្គាម​(២សំាយ៉ូអែល ៧:១)។ ពេល​ដែល​គេ​បាន​ដាក់​ហិប​សញ្ញា ក្នុងត្រសាល ធ្វើជា​តំណាង​ឲ្យ​ព្រះ​វត្ត​មាន​ព្រះ ស្តេច​ដាវីឌ​ក៏​បាន​នាំ​ពួក​បណ្តា​ជន​ច្រៀង​សរសើរ​ដំកើង​ព្រះ​(១របាក្សត្រ ១៦:៨-៣៦)។ ពួក​អ៊ីស្រាល​អែល​ក៏​បាន​ច្រៀង​សរសើរ​អំណាច​ចេស្តា​របស់​ព្រះ ដែល​បាន​ធ្វើ​ការ​អស្ចារ្យ ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា និង​ការ​ពារ​ពួក​គេ កាល​ពី​មុន​(ខ.១២-២២)។ ពួក​គេ​ក៏​បាន​ស្រែក​ឡើង​ថា ចូរ​យើង​មើល​ទៅ​ព្រះ​អម្ចាស់ និង​ឥទ្ធានុ​ភាព​របស់​ទ្រង់ ចូរ​ស្វែងរក​ព្រះភក្ត្រ​ទ្រង់​ជានិច្ច(ខ.១១)។ ពួក​គេ​ត្រូវ​មើល​ទៅ​ព្រះ​អង្គ​ជា​និច្ច ព្រោះ​មាន​សង្រ្គាម​ជា​ច្រើន​ទៀត​ នឹង​មក​ដល់​។

ចូរ​យើង​មើល​ទៅ​ព្រះ​អម្ចាស់ និង​ឥទ្ធានុភាព​របស់​ទ្រង់។ ចូរ​ស្វែង​រក​ព្រះ​ភក្ត្រ​ព្រះ​អង្គ។ នេះ​ជា​យោបល់​ដ៏​ល្អ ដែល​ត្រូវ​អនុវត្ត​តាម ពេល​ដែល​ជម្ងឺ ការ​ព្រួយ​បារម្ភ​ក្នុង​គ្រួសារ និង​សង្រ្គាម​ដទៃ​ទៀត កំពុង​តែ​នៅ​ចំពោះ​មុខ​យើង ព្រោះ​ព្រះ​អង្គ​មិន​បាន​ទុក​ឲ្យយើង​ប្រយុទ្ធ​តែ​ម្នាក់​ឯង ដោយ​ពឹង​អាង​កម្លាំង​ខ្លួន​ឯង ដែល​កំពុង​អន់​ថយ​នោះ​ឡើយ។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ ព្រះ​អង្គ​មានចេស្តា ព្រះ​អង្គ​បាន​ថែ​រក្សា​យើង​កាល​ពីមុន…

សេចក្តីមេត្តារបស់ព្រះ តាមរយៈដៃរបស់អ្នកបើកបរ

មាន​ពេល​មួយ​ខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​តក់​ស្លត់។ ឪពុក​របស់​ខ្ញុំ​ទើប​តែ​បាន​រួច​ជីវិត ​ពី​ជំងឺ​មហា​រីក​ក្រពេញ​ប្រូស្តាត តែ​ពេល​នេះ គាត់​បាន​ពិនិត្យ​សុខ​ភាព​រក​ឃើញ​ជំងឺ​មហា​រីក​លំពែង​ទៀត។ រឿង​កាន់​តែ​ស្មុគ្រ​ស្មាញ ព្រោះ​ឪពុក​ខ្ញុំ​ជា​អ្នក​មើល​ថែរ​ម្តាយខ្ញុំ​ពេញ​ពេល ដោយ​សារ​ម្តាយ​ខ្ញុំ​មាន​ជម្ងឺ​ដ៏​រាំ​រ៉ៃ​មួយ​ចំនួន។ ដោយសារ​ពេល​នេះ ឪពុក​ម្តាយ​ខ្ញុំ​សុទ្ធ​តែ​ត្រូវ​ការ​ការ​មើល​ថែរ​ដូច​គ្នា នោះ​ខ្ញុំ​នឹង​ជួប​ការ​ពិបាក​ជា​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ។​

បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​នៅ​ជា​មួយ​ពួក​គាត់ ខ្ញុំ​ក៏​បាន​ទៅ​ព្រះវិហារ​របស់ឪពុក​ម្តាយ​ខ្ញុំ នៅ​ថ្ងៃ​អាទិត្យ។ នៅ​ទីនោះ មាន​បុរស​ម្នាក់ ឈ្មោះ ហ៊ែលមុត(Helmut) បាន​ដើរ​មក​រក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​ជួយ។ ពីរថ្ងៃ​ក្រោយ​មក គាត់​ក៏​បាន​មក​ផ្ទះ​ខ្ញុំ ដោយ​នាំ​យក​ក្រដាស់​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ត្រូវ​ការ​អ្នក​ជួយរៀប​ចំ​ម្ហូប​អាហារ ពេល​ដែល​ឪពុក​ខ្ញុំ​ចាប់​ផ្តើម​ចាក់​ថ្នាំ​កេម៉ូ។ គាត់​នឹង​រៀប​ចំ​បញ្ជី​មុខ​ម្ហូប។ គាត់​ក៏​បាន​ស្ម័គ្រ​ចិត្ត​ជួយ​កាត់​ស្មៅ នៅ​ទីធ្លា​មុខ​ផ្ទះ​ខ្ញុំ​ទៀត។ គាត់​ក៏​បាន​សួរ​ទៀត​ថា “តើ​គេ​មក​ប្រមូល​សម្រាម​នៅ​ផ្ទះ​អ្នក​ នៅ​ថ្ងៃ​ណា?” លោក​ហ៊ែលមុត ជា​អ្នកបើក​ឡាន​កុងតៃន័រ ដែល​បាន​ចូល​និវត្តន៍ ប៉ុន្តែ គាត់​ប្រៀប​បាន​នឹង​ទេវតា​ដែល​ព្រះ​ទ្រង់​បាន​ចាត់​មក។ យើង​ក៏​បាន​ដឹង​ថា គាត់​បាន​ជួយ​យក​អសារ​អ្នក​ដទៃ​ទៀត​ជា​ញឹក​ញាប់ ដែល​មាន​ដូច​ជា​ស្រ្តី​មេម៉ាយ ជន​អនាថា និង​ចាស់​ជរា។​

ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​អ្នក​ដើរ​តាម​ព្រះ​អង្គ ឲ្យ​ជួយ​អ្នក​ដទៃ​(លូកា ១០:២៥-៣៧) តែ​ទន្ទឹម​នឹង​នោះ អ្នក​ខ្លះ​មាន​សមត្ថ​ភាពពិសេស ដើម្បី​ជួយ​គេ។ សាវ័ក​ប៉ុល​បាន​ហៅ​សមត្ថ​ភាព​នោះ​ថា អំណោយ​ទាន​នៃ​សេចក្តី​មេត្តា​ករុណា​(រ៉ូម ១២:៨)។ អ្នក​ដែលមាន​អំណោយ​ទាន​នេះ មើល​ឃើញ​តម្រូវ​ការ​អ្នក​ដទៃ ស្វះ​ស្វែង​រក​ជំនួយ​ដែល​ចាំ​បាច់ ហើយ​អាច​បម្រើ​លើស​ម៉ោង ដោយ​មិន​គិត​ថា ពិបាក​ពេក។…